ក្មេងស្រីម្នាក់កំពុងអង្គុយលេង រន្ទះបាញ់ស្លាប់

ខេត្តកំពង់ធំ៖ ក្មេងស្រីម្នាក់កំពុងអង្គុយលេងនៅក្រោមផ្ទះ ស្រាប់តែរន្ទះបាញ់ឆាំងឡើង បណ្ដាលឲ្យត្រូវនាង ស្លាប់យ៉ាងអណោចអធ័មមួយរំពេច បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៥នាទីរសៀល ថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា កុមារីរងគ្រោះ ឈ្មោះ ញឹម មេសា អាយុ១៣ឆ្នាំ រស់នៅភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ មុនពេលកើតមាននូវគ្រោះអកុសលនោះ ភ្លៀងបានបង្អុរចុះមួយមេ ហើយក្មេងស្រីរងគ្រោះបានរត់ទៅអង្គុយលេង នៅក្រោមផ្ទះ ស្រាប់តែមកដល់វេលាខាងលើ រន្ទះបានបាញ់ឆាំងឡើង បណ្ដាលឲ្យត្រូវនាង ស្លាប់យ៉ាងអណោចអធ័មមួយរំពេច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចហើយបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាបានស្លាប់ ដោយសាររន្ទះបាញ់ប្រាកដមែន។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពរបស់ក្មេងស្រីរងគ្រោះទៅឲ្យក្រុមគ្រួសារ​ ចាត់​ចែង​ធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ KBN