April 6, 2020

ទិត្យ វិច្ឆិកា មិនរីករាយក្នុងចិត្តពេលដឹង ចាន់ សម័យ ដែលជាមិត្តសិល្បៈធ្លាក់ខ្លួនទាំងជីវភាព និងសុខភាពដុនដាបខ្លាំង

កាលពីថ្មីៗនេះ មហាជនបានបង្ហាញភាពភ្ញាក់ផ្អើលនិងរំជួលចិត្តបំផុត ខណៈដែលអតីតតារាចម្រៀងល្បីល្បាញមួយរូបក្នុងអំឡុងឆ្នាំ ២០០០ និងជាម្ចាស់បទ “មិនស្រលាញ់អូនមិនបាន” និង “សុំមេមាន់” គឺលោក​ ចាន់ សម័យ បានធ្លាក់ខ្លួនរស់នៅក្នុងជីវភាពខ្វះខាតគួរឲ្យអាសូរ។ ក្រោយពីមានដំណឹងបែបនេះមានសិល្បករ សិល្បការិនីមួយចំនួនបានចុះសួរសុខទុក្ខ ចង់ដឹងចង់ឃើញពីស្ថានភាពរបស់លោក ចាន់ សម័យ។ យ៉ាងណាមិញអតីតតារាចម្រៀងលោក ទិត្យ វិច្ឆិកា បានបង្ហាញអារម្មណ៍អាណិត និងភ្ញាក់ផ្អើលក្រោយឮដំណឹងស្ថានភាពដ៏លំបាក របស់តារាចម្រៀងលោក ចាន់ សម័យ ដោយ ទិត្យ វិច្ឆិកា បានសរសេររៀបរាប់ថា៖

“យប់នេះខ្ញុំពិតជាគ្មានអារម្មណ៍រីករាយសោះ ពេលដែលខ្ញុំដឹងថាមិត្តសិល្បៈដែលធ្លាប់មានអនុស្សាវរីយ៍ជាមួយគ្នាកាលនៅរួមអាជីពជាអ្នកចម្រៀង បានធ្លាក់ខ្លួនកំសត់ហើយមានសុខភាពទ្រុឌទ្រោមបែបនេះ។  ក្នុងរាត្រីនេះដែរ ក្នុងនាមខ្ញុំដែលអតីតអ្នកសិល្បៈកំបុិកកំប៉ុកមួយរូប ក៏សង្ឃឹមថាសមាគមន៍សិល្បៈកម្ពុជា និងគ្រប់ស្ថានីយ៍ទូរទស្សន៍ដែលនៅក្នុងស្រុកមេត្តាជួយយកអាសារលោកចាន់ សម័យ ដោយក្តីអនុគ្រោះផងចុះ។ ព្រោះលោក ចាន់ សម័យ កាលដែលគាត់មានប្រជាប្រិយភាព លោកក៏បានចូលរួមគ្រប់កម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍ ពេលដែលត្រូវការរូបគាត់អោយទៅច្រៀងបំពេរអារម្មណ៍ទស្សនិកជនដែរ”។ គួររំលឹកផងដែរថាលោក ចាន់សម័យ ធ្លាក់ខ្លួនមានជម្ងឺប្រចាំកាយ គឺរបេងឆ្អឹង ឈរមិនបានយូរ ឆាប់ហត់នឿយ ច្រៀងលេងបានដូចមុន ហើយនាពេលកន្លងមកលោកតែងតែអង្គុយឆ្ងាយពីអ្នកសិល្បៈផ្សេងៗ ទោះបីចប់កម្មវិធីមិត្តភ័ក្តិសិល្បៈជូនលោកទៅផ្ទះក៏លោកអោយគេឈប់ពាក់កណ្ដាលផ្លូវ មិនព្រមអោយជូនដល់ផ្ទះ លោកហាក់ដូចជាចង់លាក់បាំងពីការលំបាករបស់ខ្លួន៕

ប្រភព៖ Khmer Note