បុរសបរទេសម្នាក់បើកម៉ូតូលឿន ធ្លាក់ចូលក្នុងទឹកសមុទ្រ

ខេត្ត​កែប៖ បុរសបរទេសម្នាក់បានជិះម៉ូតូយ៉ាងលឿន ជ្រុលចង្កូតធ្លាក់ចូលទៅក្នុងទឹកសមុទ្រ បណ្ដាលឲ្យរងរបួសធ្ងន់ បង្កឲ្យភ្ញាក់ផ្អើលដល់​សមត្ថកិច្ចរត់ទៅជួយយកអាសា កាលពីវេលា​ម៉ោង​៩ ​និង​៤៥​នាទី​ព្រឹក ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៨​ នៅត្រង់ចំណុចពយព្រះរាជដំណាក់ ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសបរទេសម្នាក់បានជិះ​ម៉ូតូ​ ម៉ាក​អ៊ែ​រប្លែ​ក ពណ៌​ខ្មៅ ពាក់​​​ស្លា​ក​លេខ ភ្នំពេញ 1A-9436 យ៉ាងលឿន តាមបណ្ដោយផ្លូវ នៅតាមឆ្នេរសមុទ្រ។ លុះពេលគាត់ធ្វើដំណើរមកដល់ចំណុចខាងលើ មិនដឹងជាយ៉ាងម៉េច ស្រាប់តែម៉ូតូបានរេចង្កូតទៅបុកខឿនថ្ម ហើយផ្លោងអ្នកបើកចូលទៅក្នុងទឹកសមុទ្រ បណ្ដាលឲ្យរងរបួសធ្ងន់។ ឃើញហេតុ​ការណ៍បែបនេះ អ្នកទេសចរ និងសមត្ថកិច្ចបានចុះទៅជួយជនរងគ្រោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទាក់ទងរថយន្តសង្រ្គោះបន្ទាន់ឲយមកដឹកជនរងគ្រោះ បញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកែប។ ប៉ុន្តែដោយសាររបួសរបស់ជនរងគ្រោះមានសភាពធ្ងន់ពេក ទើបបញ្ជូនទៅសង្គ្រោះបន្ត នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត៕

ប្រភព៖ KBN