April 7, 2020

ការសិក្សាបានបង្ហាញថា Facebok, Twitter និងបណ្តាញសង្គមអ៉ីនធឺណេតសព្វថ្ងៃនេះ គឺជាបណ្តាញសម្រាប់ការជួញដូរគ្រឿងញៀនខុសច្បាប់

យោងតាម Bangkok Post បាននិយាយថា បណ្តាញសង្គមអ៉ីនធឺណេតឥឡូវនេះ គឺជាបណ្តាញដ៏ពេញនិយម សម្រាប់ការលក់គ្រឿងញៀនខុសច្បាប់។ លទ្ធផលនៃការស្រាវជ្រាវ ត្រូវបានចេញផ្សាយនៅក្នុងកិច្ចពិភាក្សាមួយ ដែលមានចំណងជើងថា «ទីផ្សារគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមអ៊ិនធឺរណែត» ដែលមានការចូលរួមពីតំណាងការិយាល័យ ការិយាល័យត្រួតពិនិត្យគ្រឿងញៀន និងការិយាល័យអង្គការសហប្រជាជាតិ ស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)។

ការសិក្សាលើបញ្ហានេះត្រូវបានធ្វើឡើងតាំងពីខែមេសា ដល់ចុងខែមុន និងធ្វើឡើងដោយអ្នកស្រី Kanittha Thaikla ដែលជាសាស្រ្តាចារ្យ នៅវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រសុខាភិបាលនៃសាកលវិទ្យាល័យឈៀងម៉ៃ ហើយគាត់បានបង្ហាញថា Twitter គឺជារបៀបទំនាក់ទំនងដ៏ពេញនិយមរវាងអ្នកចែកចាយគ្រឿងញៀន និងអ្នកទិញ ខណៈកាលពីមុនការជួញដូរគ្រឿងញៀនតាមអ៉ីនធឺរណែត ត្រូវបានធ្វើឡើងភាគច្រើនតាមរយៈ Facebook និង Line ។

នៅកំឡុងពេលសិក្សានោះគាត់បានរកឃើញថា ម្ចាស់គណនី Twitter ជាង ២០០ បានជួញដូរគ្រឿងញៀន និងគ្រប់គ្រងគ្រឿងញៀន។ អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ថ្មីៗជាច្រើន បានទិញថ្នាំមេតំហ្វេតាមីនគ្រីស្តាល់ (ម៉ា​ទឹក​កក​), កញ្ឆា, ថ្នាំមេតំហ្វេតាមីន (យ៉ាម៉ា), ថ្នាំ kratom និងថ្នាំបំបាត់ការឈឺចាប់ ក្រោមការគ្រប់គ្រងតឹងរឹង។ អ្នកលក់ និងអ្នកទិញបានប្រាស្រ័យទាក់ទងគ្នាតាមរយៈបណ្ដាញ និងគេចវេសពីការត្រួតពិនិត្យរបស់អាជ្ញាធរ។ បន្ទាប់ពីដាក់ការបញ្ជាទិញ និងផ្ទេរប្រាក់រួច អតិថិជននឹងបានទទួលថ្នាំតាមរយៈសេវាកម្មដឹកជញ្ជូន៕ ប្រភព៖ Khmer Note