October 16, 2019

នរណានៅពីក្រោយ «រឿង​មាន​គេ​ឲ្យ​តម្លៃខ្លួន ៥០០ដុល្លារ ដើម្បី…?» កញ្ញា គីម ស៊ីវឡាម នឹង​មក​បញ្ជាក់

(ភ្នំពេញ)៖ ថ្មីៗនេះ ស្រីស្រស់ គីម ស៊ីវឡាម ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីល្បីថាមានបុរសម្នាក់មកតថ្លៃខ្លួនត្រង់ ដែលនេះជារឿងមួយកម្រមាន ចំពោះសង្គមអ្នកសិល្បៈ។ ដោយរឿងនេះ ហាក់មិនទាន់ស្ងប់ស្ងាត់ និងចង់បង្ហាញប្រាប់ឲ្យច្បាស់ដល់ទស្សនិកជន កញ្ញា គីម ស៊ីវឡាម នឹងចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ។

តារាស្រីរាងខ្ពស់ស្រឡះ ទឹកមុខសិចស៊ី ដងខ្លួនស្រឡូន កញ្ញា គីម ស៊ីវឡាម ត្រូវបានគេដឹងថាតែងតែបង្ហាញវត្តមាន បង្អួតសម្រស់លើសង្វៀនប្រដាល ហើយក្រៅពីនេះក៏ជាតារាសម្តែង ផ្នែក MV បទល្បីរបស់តារាចម្រៀង កែវ វាសនា ក្នុងបទ «កម្ម» និងក្នុង MV របស់តារាចម្រៀង ពេជ្រ ថាណា ក្នុងបទ «មានប្រពន្ធល្អមិនចេះថែ» ផងដែរ។ ដោយឡែក សម្រាប់រឿងផ្ទាល់ខ្លួន មានតថ្លៃខ្លួនខាងលើនេះ កន្លងមក អ្នកចូលចិត្តតាមដានសកម្មភាពរបស់តារាខ្មែរ តែងតែសង្កេតឃើញថា ក្រៅពីតារាស្រីស្រស់កញ្ញា គឹម ស៊ីវឡាម នោះ ក៏មានតារាល្បីៗជាច្រើនទៀត ដែលត្រូវបានក្រុមឪយ៉ែម និងម៉ែយ៉ែមតាមរំខាន ក្នុងនោះមានដូចជាស្រីស្អាត ជីជី, កញ្ញាតូតា, តារាទឹកភ្នែក​ នី មុនីនាថ និងគៀត សុវណ្ណាឡាង ជាដើម ដែលពួកគេអះអាងថា សុទ្ធតែច្រានចោលសំណើ សុំទៅញ៉ាំបាយ​ជាថ្នូរលុយធីបទាំងនោះ។

យ៉ាងណាមិញ រាល់មន្ទិលសង្ស័យ អាថ៌កំបាំងផ្ទាល់ខ្លួន និងការងារសិល្បៈយ៉ាងណានោះ នាងនឹងបង្ហាញក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍​ចុងសប្តាហ៍នេះ។ កម្មវិធីនេះ «អាថ៌កំបាំងក្រៅឆាករបស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕ ផ្តល់សិទ្ធិដោយ៖ Freshnews