November 21, 2019

រថយន្ដកូរ៉េផ្ទុកមនុស្សជាង៣០នាក់ រអិលក្រឡាប់ចុះក្រោមពេលឡើងភ្នំចំបាប់ ខេត្តតាកែវ បណ្ដាលឲ្យរបួស១២នាក់

(តាកែវ)៖ រថយន្ដកូរ៉េ២តោនកន្លះមួយគ្រឿង ផ្ទុកមនុស្សចាស់ក្មេងប្រមាណ៣០នាក់ បានរអិលក្រឡាប់ចុះក្រោម ពេលកំពុងបើកឡើងភ្នំចំបាប់ ស្ថិតនៅភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ បណ្ដាលឲ្យមនុស្ស១២នាក់រងរបួស ក្នុងនោះស្រី៦នាក់។

ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ រថយន្ដដែលជួបគ្រោះថ្នាក់នេះ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកណ្ដាល3A-0173 បានបើកឡើងទៅលើភ្នំចំបាប់ ដោយអ្នកបើកបរឈ្មោះ សុន កុសល អាយុ២៥ឆ្នាំ ដើម្បីដឹកអ្នកដំណើរទៅធ្វើបុណ្យនៅខាងលើ លុះពេលឡើងដល់ផ្លូវចំណោតស្រាប់តែ រថយន្ដរអិលថយក្រោយវិញ បណ្ដាលឲ្យមនុស្ស១២នាក់រងរបួស។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ក៏បានឲ្យដឹងទៀតថា នៅព្រឹកមិញនេះ ក៏មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយករណីទៀត នៅចំណុចផ្លូវជាតិលេខ៣ ភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ ហេតុការណ៍នេះ កើតឡើងដោយរថយន្ដកូរ៉េដឹកឪឡឹក បុកជាមួយរថយន្ដដឹកអ្នកដំណើរ បណ្ដាលឲ្យមនុស្ស៦នាក់ រងរបួសធ្ងន់ស្រាលផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Freshnews