ស្នងការរង និងនាយការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ច្រានចោលទាំងស្រុងព័ត៌មានចោទប្រកាន់ថា លោកទទួលលុយបង់ប្រចាំខែពីក្រុមហ៊ុនដឹកជញ្ជូន

(ភ្នំពេញ)៖ ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនចរាចរណ៍ លោកឧត្តមសេនីយ៍ ចីវ ហាក់ និងលោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ តាមរយៈអង្គភាពព័ត៌មាន Fresh News បានចេញមុខច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលចោទប្រកាន់ថា លោកបានទទួលលុយបង់ប្រចាំខែពីក្រុមហ៊ុនដែលរកស៊ីដឹកជញ្ជូន។

លោកវរសេនីយ៍ឯក សែម គន្ធា បានអះអាងទៀតថា រឿងដាក់ខែជាមួយក្រុមហ៊ុនរកស៊ីដឹកជញ្ជូនជាច្រើន ដែលមានរថយន្តធំៗ បង់លុយប្រចាំខែ នេះជាព័ត៌មានមិនពិតទេ កន្លងមករូបលោកមិនដែលទទួលបានលុយ ពីក្រុមហ៊ុនដឹកជញ្ជូនណាមួយមកបង់លុយនោះឡើយ ហើយលោកក៏មិនបានទៅពាក់ព័ន្ធជាមួយក្រុមហ៊ុនណាដូចគ្នា។

លោក សែម គន្ធា បានបន្ថែមថា ចំពោះក្រុមហ៊ុនដឹកជញ្ជូន ដែលល្មើសច្បាប់ចរាចរណ៍ គឺចាប់ពុំមានការលើកលែងឡើយ ហើយរាល់ថ្ងៃនេះ នគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានបង្កើនការយកចិត្តទុកដាក់ នៅតាមគោលដៅនីមួយៗ ដើម្បីទប់ស្កាត់រថយន្តដឹកទំនិញធុនធំ បើកចូលក្រុងខុសពេលម៉ោងកំណត់, ខុសលក្ខណៈបច្ចេកទេស និងល្មើសបទបញ្ជាហាមឃាត់ ឬបើកចូលក្រុង ពេលថ្ងៃ គឺសមត្ថកិច្ចបានឃាត់ចាប់ទុក នៅតាមគោលដៅចំនួន៤កន្លែងរួមមាន៖ នៅគោលដៅហ្គ្រែនភ្នំពេញ ផ្លូវ២០០៤ និងផ្លូវជាតិលេខ១៕ផ្តល់សិទ្ធិដោយ៖ Freshnews