October 16, 2019

តារាសម្តែងហូលីវូដ Kim Basinger ដឹកនាំក្រុមអ្នកការពារសិទ្ធរបស់សត្វ ធ្វើការប្រឆាំងតវ៉ាមុខរដ្ឋសភាកូរ៉េ បន្ទាប់ពុំមានការបង្កើតច្បាប់ហាមឃាត់ការលក់ដូរ និងបរិភោគសាច់ឆ្កែ

កាលពីថ្ងៃសុក្រ ទី១២ ខែកក្កដា ម្សិលមិញនេះ ក្រុមអ្នកកាពារសិទ្ធ និងស្រលាញ់សត្វជាច្រើននាក់បានមកប្រមូលម្តុំគ្នាមុខរដ្ឋសភាជាតិរបស់កូរ៉េខាងត្បូង ដើម្បីធ្វើការប្រឆាំងតវ៉ារិះគន់ដល់ក្រុមអ្នកច្បាប់ ដែលមិនមានច្បាប់ធ្វើការហាមឃាត់ការជួញដូរ និងបរិភោគសាច់ឆ្កែ។ ដោយក្រុមទាំងនោះបានបីគម្រូសត្វឆ្កែដែលត្រូវគេធ្វើទារុណកម្ម និងសត្វឆ្កែដែលត្រូវបានជួយសង្គ្រោះចេញពីកន្លែងកាប់សាច់នៅឯខេត្ត Gyeongsang ខាងត្បូង ជានិមិត្តរូបដើម្បីធ្វើការតវ៉ា ក្នុងនោះគេក៏សង្កេតឃើញមានវត្តមានតារាសម្តែងស្រីរបស់ហូលីវូដ Kim Basinger បានចូលរួមបង្ហាញពីការគាំទ្រផងដែរ។ ខណៈពេលដែលរដូវក្តៅកំពុងឈានចូលមកដល់នៅឯប្រទេសកូរ៉េ ប្រជាជនកូរ៉េមានប្រពៃណីមួយគឺញ៉ាំស៊ុបដែលធ្វើពីសាច់សត្វក្តៅ ដោយជាទូទៅគឺគេប្រើប្រាស់សាច់សត្វមាន់ក្នុងការចំអិនជាមួយថ្នាំយិនស៊ិន ដើម្បីបង្កើនថាមពលដែលបាត់បង់ទៅដោយសារកម្តៅ ដោយឡែកប្រជាជនវ័យចំណាស់មួយចំនួន បែរជានិយមប្រើប្រាស់សត្វសាច់ឆ្កែជំនួសទៅវិញ។

ជារៀងរាល់ឆ្នាំសត្វឆ្កែជាច្រើនក្បាលត្រូវបានគេសម្លាប់ និងធ្វើទារុណកម្មយ៉ាងឃោរឃៅដើម្បីជួញដូរ ដោយពុំមានការហាមឃាត់ឬសេចក្តីខ្វាយខ្វល់អ្វីនោះឡើយ ដែលនេះបង្កជាក្តីសោកសៅយ៉ាងខ្លាំងដល់ក្រុមអ្នកស្រលាញ់សត្វដោយពួកគេគិតថាសត្វឆ្កែគឺជាមិត្តដ៏ល្អមួយរបស់ពួកគេ។ កាលពីខែមិថុនា ឆ្នាំ២០១៨ តំណាងដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េ Pyo Chang Won បានធ្វើការស្នើសុំឲ្យមានការពិនិត្យសំណើរការពារ និងបញ្ឈប់ការធ្វើទារុណកម្មចំពោះសត្វដែលមិនបានចាត់ទុកជាសត្វចិញ្ចឹមសម្រាប់យកសាច់ ដែលមានដូចជាឆ្កែ និងឆ្មា។ យ៉ាងណាមិញសំណើរមួយនេះគឺស្ថិតនៅក្នុងរង់ចាំ ហាក់ពុំមាននរណាម្នាក់អើពើឬខ្វាយខ្វល់ត្រួតពិនិត្យអ្វីឡើយ ដោយរំលងអស់ទៅមួយឆ្នាំទៅហើយក៏នៅតែពុំទទួលបានចម្លើយ។

ក្រោយពីការស្នើសុំពុំបានសម្រេចក្រុមអ្នកតវ៉ាបានប្រមូលម្តុំគ្នាដោយមានការចូលរួមពីតារាហូលីវូដ Kim Basinger ដើម្បីធ្វើការប្រឆាំងតវ៉ា។ តារាស្រីរូបនេះក៏បានស្នើសុំឲ្យតារាៗរបស់កូរ៉េខាងត្បូងចូលរួមជាមួយនាងដើម្បីទាមទារបញ្ឈប់ការជួញដូរ និងបរិភោគសាច់ឆ្កែផងដែរ។ ដោយនាងបាននិយាយថា «ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដែលបានឮនាងខ្ញុំនិយាយ ជាពិសេសគឺតារាល្បីៗចូលរួមជាមួយនាងខ្ញុំក្នុងចលនាមួយនេះ។ នាងខ្ញុំស្រលាញ់ K-POP និងតារាទាំងអស់ដែលចេញមកពីកូរ៉េខាងត្បូងណាស់ ប្រសិនបើអ្នកបានឮសូមក្លាហានឡើង»។

ខណៈពេលដែលការតវ៉ានេះធ្វើឡើង ក៏មានក្រុមអ្នកនិយមបរិភោគសាច់ឆ្កែធ្វើកម្មវិធីមួយនៅក្បែរពួកគេផងដែរ ដោយអ្នកទាំងនោះបានបើកចំហរឲ្យមហាជនធ្វើការភ្លក់រសជាតិសាច់ឆ្កែដោយសេរី។ អ្នកដែលធ្វើជំនួញសត្វឆ្កែទាំងនោះគឺសុទ្ធសឹងតែមានសហគមន៍របស់ពួកគេ បូករួមជាមួយការធ្វើកម្មវិធីភ្លក់សាច់ឆ្កែនេះផងដែរ ដោយពួកគេទាំងនោះបាននិយាយថា សុនខគួរតែត្រូវបានចាត់ទុកជាសត្វចិញ្ចឹមសត្វដូចមាន់ ជ្រូក ព្រោះតែមនុស្សជាង ៧ម៉ឺននាក់ដែលរស់នៅប្រទេសកូរ៉េ គឺរស់នៅពឹងពាក់លើរបរជំនួញសាច់សត្វមួយនេះ៕ ប្រភព៖ Khmernote TV