October 16, 2019

អង្គការសហប្រជាជាតិនឹងចាប់ផ្ដើមការស៊ើបអង្កេត លើសង្គ្រាមបង្ក្រាបគ្រឿងញៀនដ៏ធំនៅហ្វីលីពីន

ក្រុមប្រឹក្សារបស់អង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចមួយ ដើម្បីពិនិត្យមើលការរំលោភសិទ្ធិមនុស្សក្នុងអំឡុងការបង្ក្រាបប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសហ្វីលីពីន។ ប៉ូលិសនៅប្រទេសហ្វីលីពីនបាននិយាយថា មកទល់ពេលនេះពួកគេបានសម្លាប់មនុស្សប្រហែល ៦,៦០០នាក់ នៅក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹងបំផុត ដែលផ្ដួចផ្តើមដោយលោកប្រធានាធិបតី Rodrigo Duterte ក្នុងរយៈពេល ៣ឆ្នាំ ចាប់តាំងពីគាត់ឡើងកាន់តំណែង។ ក្រុមប្រឹក្សាសិទ្ធិមនុស្សក៏បានបោះឆ្នោតឱ្យអនុម័តការស៊ើបអង្កេតនៅក្នុងកិច្ចប្រជុំមួយ នៅឯទីក្រុងហ្សឺណែវកាលពីថ្ងៃព្រហស្បតិ៍។

ក្រុមប្រឹក្សានេះបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរំលោភសិទ្ធិមនុស្សរួមមានការសម្លាប់ និងការឃុំខ្លួន ជាឯកតោភាគីនៅក្នុងប្រទេស។ ពួកគេបានស្នើសុំដំណោះស្រាយពីឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្សលោក Michelle Bachlet ដើម្បីដាក់របាយការណ៍ទៅក្រុមប្រឹក្សាស្តីពីសិទ្ធិមនុស្សនៅប្រទេសហ្វីលីពីននៅខែមិថុនាឆ្នាំក្រោយ។ ពួកគេក៏អំពាវនាវដល់ប្រទេសហ្វីលីពីនឱ្យចាត់វិធានការចាំបាច់ ដើម្បីទប់ស្កាត់ការសម្លាប់ក្រៅប្រព័ន្ធតុលាការផងដែរ។

យ៉ាងណាមិញរដ្ឋមន្ត្រីការបរទេសភីលីពីនលោក Teodoro Locsin បាននិយាយថា ប្រទេសរបស់លោកនឹងមិនទទួលយកដំណោះស្រាយនោះទេ។ លោកបាននិយាយថា សុពលភាពរបស់វាគឺគួរឱ្យមានចម្ងល់យ៉ាងខ្លាំង ហើយថាវាមិនតំណាងឱ្យឆន្ទៈរបស់ក្រុមប្រឹក្សា ឬប្រទេសកំពុងអភិវឌ្ឍន៍ ដែលគាត់និយាយថា តែងតែជាគោលដៅនៃដំណោះស្រាយទាំងនោះ។ គួរឱ្យដឹងដែរថា កាលពីក្នុងខែមីនា ហ្វីលីពីនបានដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដែលតុលាការនេះកំពុងពិនិត្យមើលយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក Duterte ៕ ប្រភព៖ Khmer Note