October 16, 2019

ឧកញ៉ា លី យ៉ុងផាត់ រួមគ្នាជាមួយក្រុមហ៊ុន Bangkok Airway នឹងសាងសង់អតីតព្រលានយន្តកោះកុង ចំណាយទឹកប្រាក់៤០លានដុល្លារ

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា អតីតព្រលានយន្តកោះកុង ស្ថិតនៅក្រុងខេមរភូមិន្ទ ដែលកំពុងសិក្សាឲ្យមានការ សាងសង់ឡើងវិញ អាចនឹងបញ្ចប់គម្រោងសិក្សានៅចុងឆ្នាំនេះ ហើយរំពឹងថា អាចដំណើរការសាងសង់នៅឆ្នាំ២០២០។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិលបានឲ្យដឹងថា គម្រោងសាងសង់ព្រលានយន្តហោះខេត្តកោះកុងឡើងវិញនេះ គឺជាការវិនិយោគរួមគ្នា ដោយក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន Bangkok Airway របស់ថៃ ដែលមានទំហំទឹកប្រាក់ប្រមាណ៤០លានដុល្លារអាមេរិក។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ទៀតថា «សម្រាប់គម្រោងសាងសង់ ព្រលានយន្តហោះកោះកុង ក្នុងក្រុងខេមរភូមិន្ទឡើងវិញនេះ បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាល សិក្សាពីផលប៉ះពាល់ទាំងផ្នែកបរិស្ថាន សង្គម និងបច្ចេកទេស ហើយគោលបំណងរបស់ក្រុមហ៊ុនវិនិយោគ គឺពួកគាត់ចង់ទាក់ទាញការវិនិយោគ នៅខេត្តកោះកុងឲ្យកាន់តែខ្លាំងក្លាឡើង ដែលផ្ទុយពីអតីតកាលដែលជាខេត្តគេបំភ្លេចចោល និងសម្រាប់ដាក់អ្នកទោស»។អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ព្រលានយន្តហោះកោះកុង អាចនឹងចំណាយពេលវេលា ក្នុងការសាងសង់ឡើងវិញពីចន្លោះ៣ ទៅ៥ឆ្នាំ ដោយសារតែព្រលានយន្តហោះនេះ នៅមានហេដ្ឋារចនាសម្ព័ន្ធសេសសល់ខ្លះ។

ដោយឡែកពាក់ព័ន្ធ ព្រលានយន្តហោះថ្មីមួយ ក្នុងទឹកដីខេត្តកោះកុងដែរ គឺព្រលានយន្តហោះដែលវិនិយោគដោយក្រុមហ៊ុន នៅស្រុកបុទមសាគរ ត្រូវបានលោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ថា ការសាងសង់នឹងត្រូវបញ្ចប់នៅឆ្នាំ២០២០ ហើយដំណើរការហោះហើរអាចនឹងចាប់ផ្តើមនៅឆ្នាំ២០២១។ ព្រលានយន្ដហោះនេះ វិនិយោគដោយក្រុមហ៊ុនចិន ឈ្មោះថា Union Development Group ដែលវិនិយោគលើទឹកប្រាក់ ប្រមាណ៣៥០លានដុល្លារអាមេរិក។

លោកបណ្ឌិត ស៊ីន ចាន់សិរីវុត្ថា ធ្លាប់បានបញ្ជាក់ប្រាប់ Fresh News ថា រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងសាងសង់ និងកែលំអអាកាសយានយន្ត (ព្រលានយន្តហោះ) ចំនួន៦ទីតាំងទៀត គឺមាននៅរាជធានីភ្នំពេញ ខេត្តកោះកុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងតំបន់ភូមិភាគឦសាន។

លោកបណ្ឌិត ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះគម្រោង និងទិសដៅ អភិវឌ្ឍ-សាងសង់ ស្តារ និងកែលំអ អាកាសយានដ្ឋានរបស់កម្ពុជា ក្នុងរយៈពេលកន្លងមកនេះមានការវិវត្តគួរជាទីមោទនៈ ក្នុងនោះយើងមាន គម្រោងសាងសង់អាកាសយានដ្ឋានថី្មនៅខេត្តសៀមរាប អាកាសយានដ្ឋានថី្មនៅភ្នំពេញ អាកាសយានដ្ឋានថី្មនៅខេត្តកោះកុង (តារាសាគរ) និងអាកាសយានដ្ឋានបន្ទាប់បន្សំដូចជានៅប៉ោយប៉ែត នៅខេត្តកោះកុង (អាកាសយានដ្ឋានបច្ចុប្បន្ន ក្រុងខេមរៈភូមិន្ទ) និងនៅតំបន់ភូមិភាគឦសាន (ខេត្តស្ទឹងត្រែង ឬ ខេត្តមណ្ឌលគីរី ឬ ខេត្តរតនៈគរី ជាដើម»៕ ផ្តល់សិទ្ធិដោយ៖ Freshnews