October 16, 2019

TOP NEWS: សម្តេចក្រឡាហោម ស ខេង៖ រហូតដល់ពេលនេះ កម្ពុជាចាប់លុយខុសច្បាប់បាន ៧.៤លានដុល្លារអាមេរិក

(ភ្នំពេញ)៖ រហូតដល់ពេលនេះ លុយខុសច្បាប់នាំចូលមកប្រទេសកម្ពុជា ដែលសមត្ថកិច្ចឃាត់បាន នៅតាមច្រកអន្តរជាតិមានចំនួន ៧.៤លានដុល្លារអាមេរិកហើយ។ នេះបើតាមការបញ្ជាក់របស់ សម្តេចក្រឡាហោម ស ខេង។ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីទិវាប្រជាជនពិភពលោក លើកទី៣០ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លុយខុសច្បាប់ទាំងនោះ ត្រូវបានតម្កល់នៅធនាគារជាតិ ដើម្បីស្រាវជ្រាវរកប្រភពដើម ចំណែកឯជនដែលនាំលុយខុសច្បាប់នេះ ចូលមកក៏ត្រូវបានឃុំខ្លួនផងដែរ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មកដល់ពេលនេះ វាមានទាំងអស់ ៧,៤លានដុល្លារ ប៉ុន្តែលុយទាំងអស់នេះ គឺយើងឃាត់ទុកជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវ តើលុយនោះ មានប្រភពត្រឹមត្រូវ ឬមិនត្រឹមត្រូវ»។លុយដុល្លារ ដែលមិនមានប្រភពច្បាស់លាស់ ត្រូវបានសមត្ថកិច្ចកម្ពុជា រឹបអូសបានជាបន្តបន្ទាប់ នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ភាគច្រើននៃលុយគ្មានប្រភពច្បាស់លាស់ ដែលត្រូវចាប់បាននេះ នាំចូលដោយជនជាតិចិន មកពីហុងកុង។

កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ក៏បានចាប់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន៣នាក់ ដែលបាននាំលុយចំនួន ៣,៥២០,០០០ដុល្លារអាមេរិក ដោយពុំមានការបញ្ជាក់ពីប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា។ ដោយឡែក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងគយ និងនគរបាលអន្តោប្រវេសន៍ប្រចាំនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ដោយបានឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង២នាក់ ដោយរឹបអូសយកដុល្លារ បានជាង២លានដុល្លារផងដែរ។ កាលពីប៉ុន្មានថ្ងៃមុន មន្រ្តីគយ ក៏ឃាត់ខ្លួនជនជាតិចិន៣នាក់ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញផងដែរ ដោយរឹបអូសបានលុយជិត ១លានដុល្លារផងដែរ។

សម្តេចក្រឡាហោម ស ខេង បានអះអាងថា មួយរយៈពេលចុងក្រោយនេះ ការនាំចូលលុយខុសច្បាប់មកកាន់ប្រទេសកម្ពុជា មានច្រើនជាង៥ករណី ដែលសមត្ថកិច្ច កំពុងតែស៊ើបអង្កេត និងសុំកិច្ចសហការពីប្រទេសពាក់ព័ន្ធថែមទៀត។ពាក់ព័ន្ធនឹងករណីលុយខុសច្បាប់ពីហុងកុង សម្តេចបានបញ្ជាក់ថា រហូតដល់ពេលនេះ មិនទាន់ស៊ើបអង្កេតច្បាស់លាស់នៅឡើយទេ ដោយសារតែហុងកុងកំពុងមានបញ្ហា ហើយប៉ូលិសហុងកុងសុំពន្យារពេល។សម្តេចបន្តថា រហូតដល់ពេលនេះកម្ពុជាមិនបានបញ្ជូនជនពាក់ព័ន្ធនឹងការនាំលុយខុសច្បាប់ចូលមកកាន់កម្ពុជានេះ ទៅកាន់ប្រទេសដើមរបស់ពួកគេវិញនៅឡើយទេ ដោយរង់ចាំស៊ើបអង្កេតសិន៕ ប្រភព៖ Freshnews