May 26, 2020

អ្នកដឹកនាំសម្តែង ខាំ ភូរិ ព្រួយបារម្ភពីការផលិតស្ប៉តពាណិជ្ជកម្មនៅកម្ពុជា ព្រោះតែមានការធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់

មុននេះបន្តិចអ្នកដឹកនាំសម្តែង និងសរសេរទំនុកច្រៀងដែលជាចាងហ្វាងផលិតកម្ម អប្សរាមេរា លោក ខាំ ភូរិ បានបង្ហោះសារព្រួយបារម្ភពីផ្នែកថតស្ប៉តពាណិជ្ជកម្មនៅកម្ពុជា ខណៈពេលដែលអាជីពមួយនេះហាក់កាន់តែធ្លាក់ចុះដុនដាបទៅៗ ព្រោះតែការប្រកួតប្រជែងទីផ្សារពីប្រទេសជិតខាង។ លោកបានបង្ហោះសាររៀបរាប់ថា «នៅសាំងហ្គាពួរ ម៉ាឡេសុី វៀតណាម ក៏មានការធ្លាក់ចុះដូចកម្ពុជាដែរចំពោះផ្នែក ផលិតស្ប៉តពាណិជ្ជកម្ម លើកលែងតែប្រទេសថៃ នេះអាចបណ្តាលមកពីការរីចំរើនដ៏លឿននៃ Social media មួយផ្នែកផងដែរ។

សម្រាប់នៅកម្ពុជា ផ្នែកឬវិស័យមួយនេះបានធ្លាក់ចុះយ៉ាងខ្លាំង ការងារផលិតដែលធ្លាប់ទទួលបានចន្លោះពី ៣មុឺនដុល្លារ ទៅ៥មុឺនដុល្លារ បានធ្លាក់ចុះមកក្រោម១មុឺនដុល្លារ នេះមានកត្តារួមផ្សំជាច្រើនដូចជា អតិថិជនចង់បានថោកដោយមិនខ្វល់ច្រើនលើគុណភាព ក្រុមផលិតចាប់ផ្តើមមានច្រើនការប្រកួតប្រជែងខ្ពស់។ល។ អនាគតនៃវិស័យនេះ? គ្មានអ្នកណាទាយទុកបានទេ ចំពោះការយល់ឃើញរបស់ខ្ញុំ មានតែការដឹងនូវសញ្ញាប្រកាសអាសន្ននៃរលកយក្សស៊ូណាមិក ហើយគ្មានវិធីផ្សេងក្រៅឱបសសរផ្ទះរង់ចាំគ្រោះមកដល់។

ការអភិវឌ្ឍធនធានមនុស្ស ពិបាកណាស់រកក្រុមការងារមួយដែលរឹងមាំទាំងសមត្ថភាព និងភាពទទួលខុសត្រូវ​ អ្នកមានសមត្ថភាពពិតមានមិនច្រេីន​។ អ្នកខ្លះមានសមត្ថភាពតែគ្មានភាពទទួលខុស ខ្លះមានភាពទទួលខុសត្រូវតែសមត្ថភាពមានកម្រិត។ ផលិតកម្មមានច្រើន ធនធានមនុស្សមានតិច ពីមួយឆ្នាំទៅមួយឆ្នាំ បុគ្គលិករត់ទៅរត់មកដើម្បីស្វែងរកអនាគតថ្មីៗ។ មិនទាន់មានជាផ្លូវការឡើយសាលាបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះនៅកម្ពុជា ចេះតាមគ្នា ចេះតគ្នា សិក្សាបន្ថែមដោយខ្លួនឯង មានឱកាសទៅសិក្សាស្រុកគេ អ្នកចេះខ្លះលាក់ចំនេះ អ្នកខ្លះចេះបន្តិចបន្តួច ជោគជ័យបន្តិចបន្តួចដើរពើងទ្រូង ខ្លះមកសុំរៀនចង់ចេះៗរួចរត់បាត់គ្មានលាមួយម៉ាត់ ខ្លះចូលដំបូងសរសើរយើងទល់មេឃ ពេលឈប់ទុកយើងដូចអ្នកដទៃ។

ការលំបាកមកដល់ពេលនេះខ្ញុំនៅតែអះអាងថា ការងារដែលពិបាកជាងគេបំផុតគឺគ្រប់គ្រងមនុស្សក្នុងវិស័យនេះ។ មានតែការបណ្តុះបណ្តាលធនធានមនុស្សទេ ទើបអាចពង្រឹងវិស័យមួយនេះអោយមានសិ្ថរភាពបានយូរអង្វែង។ ចូរចងចាំថា ឱកាស សមត្ថភាព និងភាពស្មោះត្រង់ នឹងនាំអ្នករកជីវិតការងារមួយដែលរឹងមាំពេញមួយជីវិត។ ដោយក្តីគោរព»៕ អត្ថបទ៖ មេសា ប្រភព ៖ Khmer Note