October 16, 2019

ទូតខ្មែរនៅជប៉ុន បង្ហាញលេខទូរសព្ទសម្រាប់ជួយសង្គ្រោះ ដល់ពលរដ្ឋខ្មែរនៅតំបន់ជួបគ្រោះរញ្ជួយដី

(ភ្នំពេញ)៖ ស្ថានទូតខ្មែរ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែររស់នៅក្នុងខេត្តយ៉ាម៉ាហ្គាតា ដែលជាខេត្តជួបគ្រោះរញ្ជួយដីក្នុងកម្រិតខ្ពស់រហូតដល់ ៦.៨រិកទ័រ ប្រញាប់ទាក់ទងទៅកាន់ស្ថានក្នុងករណីពួកគេរងនូវផលប៉ះពាល់ផ្សេងៗនោះ។

ប្រជាពលរដ្ឋខ្មែររស់នៅក្នុងខេត្តជួបគ្រោះរញ្ជួយដីនេះ អាចទាក់ទងស្ថានទូតតាមរយៈទំព័រ Facebook របស់ស្ថានទូត (Royal Embassy of Cambodia in Japan 在日本国カンボジア王国大使館) ឬតាមទូរសព្ទលេខ៖ 090 4689 9374 ឬ 08034597889។

ក្នុងសេចក្តីជូនដំណឹងរបស់ស្ថានទូតខ្មែរនៅជប៉ុនធ្វើឡើងនៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថានទូតខ្មែរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅជប៉ុន កុំធ្វើដំណើរទៅលេងកម្សាន្តនៅតាមតំបន់ឆ្នេរនៃខេត្ត Yamagata, Niigata និង Ishikawa ព្រោះថាតំបន់ឆ្នេរទាំង៣នេះ ប្រឈមនឹងការកើតមានរលកយក្សស៊ូណាមិ។

យោងតាមស្ថានទូតជប៉ុន បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ១០៖២២នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ មានគ្រោះរញ្ជួយដីក្នុង
កម្រិតខ្ពស់រហូតដល់ ៦,៨ រិកទ័រ បានចាប់ផ្តើមនៅខេត្តយ៉ាម៉ាហ្គាតា (Yamagata)។ អាជ្ញាធរជប៉ុន បានប្រកាសថា គ្រោះរញ្ជួយដីអាចបង្កឲ្យមានរលកយក្សស៊ូណាមិនៅតាមតំបន់ឆ្នេរនៃខេត្ត Yamagata, Niigata និង Ishikawa ថែមទៀតផង។

តាមការចេញផ្សាយរបស់សារព័ត៌មាន CNA ដោយយោងទៅតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិតខ្ពស់នេះ បានវាយប្រហារលើទីប្រជុំកោះ Honshu របស់ប្រទេសជប៉ុន។

ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក បានគូសបញ្ជាក់ទៀតថា គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយទៅក្នុងដី ១៦.១គីឡូម៉ែត្រ។ ភ្លាមៗនោះ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេ។ ប៉ុន្តែទីភ្នាក់ងារឧតុនិយមជប៉ុន បានប្រកាសពីភាពអាសន្ននៃរលកយក្សស៊ូណាមិ ដែលមានកម្ពស់ពី ០.២ រហូតដល់ ១ម៉ែត្រ នៅតាមតំបន់ឆ្នេរនៃទីប្រជុំកោះ Honshu៕ ផ្តល់សិទ្ធិដោយ៖ Freshnews