May 26, 2020

ចាប់ខ្លួនអ្នកម៉ៅការសំណង់ម្នាក់ ក្រោយចេញសែកស្អុយជិត ២ម៉ឺនដុល្លារ នៅខណ្ឌសែនសុខ

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាអ្នកម៉ៅការសំណង់ ដែលចេញសែកស្អុយគ្មានទឹកប្រាក់ជិត ២ម៉ឺនដុល្លារ នៅចំណុចផ្ទះលេខ១៤០៦ ផ្លូវបេតុង ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

មន្ដ្រីនគរបាលខណ្ឌ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ ឈ្មោះ សួង ស៊ីន អាយុ២៩ឆ្នាំ មុខរបរម៉ៅការសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា (គ្មានសារធាតុញៀន)។ ដោយឡែកជនរងគ្រោះឈ្មោះ ហ៊ន ឡេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនដ្រេហ្គនស៊ីធីខនគ្រីត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សម្ភារបាត់បង់ លុយដុល្លាចំនួន១៨,២៤០ដុល្លារ។

សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ដោយជនសង្ស័យខាងលើ បានមកទំនាក់ទំនងនៅក្រុមហ៊ុនដ្រេហ្គនស៊ីធីខនគ្រីត ដើម្បីយកបេតុងលាយស្រេចទៅលក់បន្ត តែមិនទាន់ទូរទាត់សាចប្រាក់ឲ្យក្រុមហ៊ុន សរុបជាទឹកប្រាក់ចំនួន១៨,២៤០ដុល្លារ បន្ទាប់មកជនសង្ស័យ បានចេញសែកធានាគារស្ថាបនាឲ្យទៅក្រុមហ៊ុន លុះដល់ថ្ងៃកំណត់ភាគីក្រុមហ៊ុន បានយកសែកទៅបើកប្រាក់នៅធនាគារស្ថាបនា តែត្រូវបុគ្គលិកធានាគារ ប្រាប់មកជនរងគ្រោះវិញថា សែកនេះពុំមានសាច់ប្រាក់នៅក្នុងកុងធានាគារទេ។

លុះនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់មកជនរងគ្រោះ បានធ្វើការទំនាក់ទំនង់ទៅជនសង្ស័យ ឲ្យមកដោះស្រាយលុយជំពាក់ក្រុមហ៊ុន ហើយពេលនោះជនរងគ្រោះ ឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ ប្រភព៖ freshnews