May 26, 2020

ស្ថាបត្យករ​សាងសង់​ប្រាសាទ​អង្គរ​ប្រហែល​ជា​មាន​ផ្លូវ​ដឹក​ជញ្ជូន​ថ្មភក់​​កាត់​ផ្ទាល់ខ្លួន

(ភ្នំពេញ)៖ ក្រុមស្ថាបត្យករដែលសិក្សាអំពីប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា និយាយថា ព្រែកជីកទាំងអស់នៅខេត្តសៀមរាបប្រហែលត្រូវបានគេប្រើប្រាស់ជាផ្លូវកាត់ សម្រាប់ដឹកជញ្ជូនថ្មភក់ទំងន់ ៥លានតោន ទៅក្នុងតំបន់ប្រាសាទ។

ថ្មភក់ដុំធំៗជាច្រើនដែលត្រូវបានបុព្វបុរសខ្មែរ យកទៅសាងសង់ប្រាសាទបែបលទ្ធិសាសនាហិណ្ឌូដ៏ធំជាងគេបំផុត នៅលើពិភពលោក។ ក្នុងនោះដែរ ថ្មភក់មួយដុំមានទំងន់ចាប់ពី ១.៥តោនឡើងទៅ ហើយពួកវាទាំងនោះត្រូវបានដឹកជញ្ជួនពីភ្នំគូលែន ព្រមទាំងត្រូវបាន​គេគិតកាលពីយូរណាស់មកហើយថា វាត្រូវបានដឹកឆ្លងកាត់ព្រែកជីកប្រវែង ៤០.២៣គីឡូម៉ែត្រ ដើម្បីឆ្ពោះទៅកាន់បឹងទន្លេសាប និងត្រូវបានបណ្តែតតាមក្បួនឆ្លងកាត់បឹងទន្លេសាបក្នុងរយៈចំងាយ ៣២.១៨គីឡូម៉ែត្រ បន្ទាប់មកត្រូវឆ្លងកាត់ខ្សែទឹកទន្លេសៀមរាប ១៦.០៩គីឡូម៉ែត្រទៀត។

យោងទៅតាមគេហទំព័រ NewScientist បានឲ្យដឹងថា ទោះបីជាយ៉ាងណាក្តីលោក Etsuo Uchida និង លោកIchita Shimoda មកពីមហាវិទ្យាល័យ​នៅក្នុងទីក្រុងតូក្យូ ដែលបានប្រើប្រាស់ផ្កាយរណបរូបភាព និយាយថា ពួកគេបានធ្វើការពិនិត្យ និងវែកញ៉ែកអំពីព្រែកជីកបុរាណដទៃទៀត ដែលបានធ្វើជាផ្លូវកាត់សម្រាប់គ្រោងការសាងសង់ប្រាសាទនៅក្នុងសតវត្សរ៍ទី១២។

ទន្ទឹមនឹងនេះដែរ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ព្រែកជីកទាំងនេះត្រូវបានបុព្វបុរសខ្មែរសាងសង់ឡើងយ៉ាងលំបាក ដោយមានចង្ងាយចាប់ពីភ្នំគូលែនឆ្ពោះទៅកាន់តំបន់អង្គរតែម្តង។ ម្យ៉ាងវិញលោក Uchida និង Shimoda ក៏បានរកឃើញកន្លែងយកថ្មចំនួន ៥០កន្លែង នៅជើងភ្នំគូលែន និងតំបន់ក្បែរនោះ។​​ លោក Uchida បាននិយាយថា គាត់មានការជឿជាក់ថាថ្មភក់ដែលត្រូវបានគេយកទៅប្រើប្រាស់ ដើម្បីកសាងប្រសាទអង្គរវត្តដ៏ធំមហិមានេះ ប្រហែលជាត្រូវបានដឹកជញ្ជួនតាមព្រែកជីកទាំងនេះ។

មិនតែប៉ុណ្ណោះ ពួកគេបានជឿថា ព្រែកជីកទាំងនេះត្រូវបានបុព្វបុរសខ្មែរកសាងឡើង សម្រាប់គោលបំណងជាច្រើន ដោយជាក់ស្តែងការធ្វើជាផ្លូវគមនាគមន៍ដ៏សំខាន់ សម្រាប់ដឹកជញ្ជូនឧបករណ៍សម្រាប់សាងសង់ប្រាសាទ៕​ ប្រភព៖ freshnews