December 11, 2019

មុខសញ្ញាលួចធ្លាប់ជាប់គុកជាច្រើនដង ចេញមកវិញមិនរាងចាលលួចទៀត តែត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុកវិញ

(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ដែលរូបគេជាចោរអាជីប ធ្លាប់ធ្វើសកម្មភាពលួចជាច្រើកលើក និងធ្លាប់ជាប់ពន្ធនាគារជាច្រើនដងផងដែរ។ ជនសង្ស័យឈ្មោះ ឆែម ឆោម ហៅតៅ អាយុ២១ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួន បានកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ក្រោយពេលដែលរូបគេ បានធ្វើសកម្មភាពចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ លួចកង់០១គ្រឿង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ក្រោមវិធានការជំនាញ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ រូបគេបានសារភាពប្រាប់ឲ្យដឹងថា រូបខ្លួនទើបតែត្រូវបានពន្ធនាគារខេត្តកណ្តាល ដោះលែង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះទេ ហើយរូបគេបានរស់នៅតែលតោល តាមតូបលក់ឥវ៉ាន់ ក្នុងផ្សារច្បារអំពៅ និងធ្វើជាកម្មករប្រមូលសំរាម ឲ្យអាជីវករក្នុងផ្សារច្បារអំពៅ ដើម្បីបានលុយទិញបាយហូប តែរូបគេពុំបានធ្វើជាកម្មករអាជីបនោះទេ គឺបានដើរធ្វើសកម្មភាពលួចបន្ថែមទៀត។

កាលអំឡុងខែមេសា ឆ្នាំ២០១៩ រូបគេលួចបានម៉ូតូ បានសម្រេចចំនួន០៣ដង ដោយលើកទី១៖ លួចបានម៉ូតូ០១គ្រឿង ម៉ាក ViVa ពណ៌ខ្មៅ ដោយប្រើកន្ត្រៃឆ្កឹះ ដើម្បីកាច់សោរក ដែលម្ចាស់គេចតទុកមុខផ្ទះជួល នៅភូមិកំពង់សំណាញ់ ឃុំកំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយបានយកទៅលក់នៅម្តុំច្រាំងបាក់ (ច្បារអំពៅ) បានប្រាក់៥០ដុល្លារអាមេរិក, លើកទី២៖ លួចបានម៉ូតូ០១គ្រឿងម៉ាក Smash V ពណ៌ខៀវ នៅម្តុំផ្សារកាច់ជ្រុង អតីតខាងក្រោយរោងចក្រឆេកូ ក្រុងតាខ្មៅ ខេត្តកណ្តាល (អតីតរោងចក្រផលិតកៅស៊ូកង់រថយន្ត) យកទៅលក់នៅកន្លែងដដែល បានប្រាក់៣៦ម៉ឺនរៀល, លើកទី៣៖ លួចបានម៉ូតូ០១គ្រឿង ម៉ាក គុបជ្រុង ពណ៌ទឹកប្រាក់ នៅម្តុំទួលក្រសាំង ខេត្តកណ្តាល យកទៅលក់នៅកន្លែងដដែល បានប្រាក់៥០ដុល្លារអាមេរិក។ រីឯប្រាក់ដែលបានពីការលួចម៉ូតូ រូបគេផ្ញើទៅឲ្យម្តាយនៅស្រុកខ្លះ ហើយទុកលេងល្បែងហ្គេមបាញ់ត្រី និងទិញគ្រឿងញៀនជក់។

លុះរហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ រូបគេបានទៅលេងហ្គេមបាញ់ត្រី នៅម្តុំច្រាំងបាក់ (ច្បារអំពៅ) ក៏បានជួបបក្ខពួកឈ្មោះ ញ៉ា ហើយបានប្រើឲ្យខ្លួន ទៅលួចកង់នៅផ្ទះមួយកន្លែង និងយកទៅលក់នៅម្តុំវត្តកំសាន្ត (ច្បារអំពៅ) បានប្រាក់២ម៉ឺនរៀល យកទៅលេងហ្គេមបាញ់ត្រីចាញ់អស់។ ទើបដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ រូបគេត្រូវបានសមត្ថកិច្ចអាវុធហត្ថ ចុះទៅឃាត់ខ្លួនតែម្តង។ រូបគេសារភាពឲ្យដឹងបន្ថែមទៀតថា រយៈពេលប្រហែល០៤ឆ្នាំកន្លងមក រូបគេធ្លាប់ជាប់ពន្ធនាគារ០៣លើក ក្នុងនោះលើកទី១៖ ជាប់ពន្ធនាគារស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រយៈពេលពីរឆ្នាំកន្លះ ករណីចែកចាយគ្រឿងញៀន (កម្លាំងអាវុធហត្ថឃាត់ខ្លួន), លើកទី២៖ ជាប់ពន្ធនាគាររយៈពេល០៨ខែ ករណីលួចគាស់ផ្ទះ យកសម្ភារៈមានតម្លៃ (កម្លាំងនគរបាលឃាត់ខ្លួន), លើកទី៣៖ ជាប់ពន្ធនាគាររយៈពេល ០៨ខែ ទៀតករណីលួចគាស់ផ្ទះយកសម្ភារមានតម្លៃ (កម្លាំងនគរបាលឃាត់ខ្លួន)៕ ប្រភព៖ freshnews