បុរសម្នាក់បង្កើតកម្មវិធីនៅលើ Google Chrome ដើម្បីបិទកុំឲ្យអ្នកមើល Avengers: Endgame ហើយ ដើរ spoil គេឯងនៅលើអិនធើណេត

ការប្រយុទ្ធចុងក្រោយនៃតួអង្គដែលនៅសេសសល់នៅក្នុងពិភព Marvel Cinematic Universe ដ៏អស្ចារ្យ ដែលហៅថា «Avengers: Endgame» ជិតឈានជើងមកដល់ហើយ ហើយអ្នកដែលនឹងមិនអាចមើលខ្សែភាពយន្តនៅថ្ងៃបញ្ចាំដំបូងក៏កំពុងមានការព្រួយបារម្ភពីពួក spoilers (ពួកនិយាយសាច់រឿងធ្វើឱ្យអស់អារម្មណ៍)។ យ៉ាងណាមិញវាជាសំណាងល្អ ដោយអ្នកបង្កើតកម្មវិធីជនជាតិម៉ាឡេស៊ីម្នាក់ គាត់ទើបតែបានបង្កើត និងដាក់ឱ្យទាញយកនូវកម្មវិធីប្រឆាំងនឹងពួក spoilers នេះពី Google Chrome WebStore ដែលគោលបំណងតែមួយគត់ គឺដើម្បីធ្វើឱ្យព្រាល (blur out) រាល់ការបង្ហោះណាមួយដែលទាក់ទងនឹង «Avengers: Endgame» ទៅក្នុងបណ្តាញសង្គម។

ប្រសិនបើលោកអ្នកមានការព្រួយបារម្ភថា អាចនឹងឃើញការបង្ហោះសាច់រឿងពីពួក spoilers ដោយសារតែលោកអ្នកមិនបានទៅមើលថ្ងៃបញ្ចាំងដំបូងរបស់ខ្សែភាពយន្ត «Avengers: Endgame» កម្មវិធីដែលមានឈ្មោះថា No Spoilers ដោយ Developer ឈ្មោះ Ng Khai Yong អាចជួយលោកអ្នកពីការមើលឃើញសាច់រឿងមុនបាន។ ហើយបើយោងតាម ​​Mashable បានឱ្យដឹងថា កម្មវិធីនេះពិតជាធ្វើការដូចដែលបានរំពឹងទុកមែន ហើយពួកគេបានសាកល្បងទាញយកកម្មវិធី បន្ទាប់មកក៏បានចូលទៅក្នុង Facebook Page របស់ Avengers ហើយវាគួរឱ្យភ្ញាក់ផ្អើល ព្រោះរាល់ការបង្ហោះរបស់ Page នោះពិតជាមិនអាចមើលឃើញមែន៕

អត្ថបទ៖ លីដា
ប្រភព៖ Khmer Note