គ្រោះថ្នាក់ចរាចរណ៍ដ៍សាហាវបំផុត! រថយន្តបុកម៉ូតូ បង្កជាអណ្ដាតភ្លើងឆេះម៉ូតូខ្ទេច ស្លាប់ទាំងម្ចាស់

ខេត្តកំពង់ធំ៖ រថយន្តមួយគ្រឿងបើកបរមិនប្រកាន់ស្ដាំ បានបុកម៉ូតូមួយគ្រឿងដែលបើកមកពីមុខ បង្កជាអណ្ដាតភ្លើងឆេះម៉ូតូខ្ទេច ស្លាប់ ទាំងម្ចាស់នៅនឹងកន្លែងកើតហេតុ។​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍សាហាវបំផុតនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង២៤នាទីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិបរវែង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ។​ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង មិនមានពាក់ស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។ ចំណែកម៉ូតូរងគ្រោះ ម៉ាកហុងដា NSX ត្រូវភ្លើងឆេះ បណ្ដាលខូចខាតទាំងស្រុង អ្នកបើកបរមិនពាក់មួកសុវត្ថិភាពដែលស្លាប់នៅកន្លែងកើតហេតុនោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ មូលហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ មកពីអ្នកបើកបររថយន្ត បើកបរមិនប្រកាន់ស្តាំ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់។ ដោយឡែក វត្ថុតាងរថយន្តបង្ក និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង។ ចំណែកសពអ្នកបើកបរម៉ូតូ យកទៅតម្កល់ទុកនៅវត្តចំបក់កញ្ញា ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ ឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ KBN