គំរូល្អមែនទែន! តាមក្រសួងនានារបស់ម៉ាឡេស៊ី នឹងតម្រូវឱ្យបុគ្គលិកហាត់ប្រាណមួយថ្ងៃ ១៥នាទី ដើម្បីសុខភាពល្អ

ម៉ាឡេស៊ី៖ តាមសម្តីរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Datuk Seri Dr Dzulkefly Ahmad បានឱ្យដឹងថា ថ្មីៗនេះគណៈរដ្ឋមន្រ្តីបានឯកភាពគ្នាឱ្យរាល់ក្រសួងទាំងអស់នឹងត្រូវធ្វើលំហាត់ប្រាណ ១៥នាទី ជារៀងរាល់ថ្ងៃ ដើម្បីលើកទឹកចិត្តដល់របៀបរស់នៅមានសុខភាពល្អ។ លោកមានប្រសាសន៍ថា ការហាត់ប្រាណនេះគឺស្ថិតនៅក្រោមកម្មវិធីមួយឈ្មោះថា «X-Break» ដោយនឹងតម្រូវឱ្យក្រសួងទាំងអស់ត្រូវរៀបចំវគ្គហ្វឹកហាត់សម្រាប់បុគ្គលិករបស់ពួកគេទាំងពេលព្រឹក ឬពេលល្ងាច។

លោក Dzulkefly បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ក្រសួងមួយចំនួនគឺកំពុងអនុវត្តការហាត់ប្រាណនេះរួចហើយ ប៉ុន្តែយើងនឹងផ្តល់នូវគោលការណ៍ណែនាំបន្ថែមសម្រាប់អ្នកទាំងអស់គ្នា»។ លោកបានបន្ថែមថា ក្រសួងសុខាភិបាលនឹងជួបប្រជុំជាមួយក្រសួងសេវាសាធារណៈនៅថ្ងៃស្អែក ដើម្បីរៀបចំសារាចរបញ្ជូនទៅគ្រប់ក្រសួងទាំងអស់។

កាលពីឆ្នាំមុននាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Tun Dr Mahathir Mohamad ក៏ធ្លាប់បានស្នើឱ្យនាយកដ្ឋានរដ្ឋ និងបុគ្គលិកវិស័យឯកជនទាំងអស់ ត្រូវធ្វើលំហាត់ប្រាណរយៈពេល ១៥នាទី នេះដែរ។ ហើយកាលពីថ្ងៃទី ០៣ ខែមេសា ថ្មីៗនេះក៏មានអ្នកចូលរួមកម្មវិធី Big Walk ប្រមាណជា ៣,០០០នាក់ ដែលកម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់របៀបរស់នៅដែលមានសុខភាពល្អ ដូច្នេះមានន័យថា កម្មវិធីនេះគឺមានការគាំទ្រច្រើនពីប្រជាជនគ្រប់គ្នា៕ អត្ថបទ៖ លីដា ប្រភព៖ Khmer Note