គាត់ជាអ្នកលក់នំប័ុងដាក់សាច់ មិនមែនជាអ្នកមានទ្រព្យធនច្រេីន តែមានសណ្តានចិត្តឲ្យនំប័ុងទៅក្មេងៗអ្នកទូលផ្លែឈូកសឹងញុាំជារៀងរាល់ថ្ងៃ

មុននេះបន្តិចផ្ទុះការចែករំលែកពេញបណ្តាញសង្គមពីអ្នកលក់នំប៉័ងចិត្តល្អមួយរូបនៅឯខេត្តសៀមរាប ដែលធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ជាពិសេសអ្នកនៅខេត្តសៀមរាបផ្ទាល់ និងជាអ្នកគាំទ្រនំប៉័ងសាច់របស់គាត់។ តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះថា Phea Run ដែលបានសរសេររៀបរាប់សរសើរនូវអំពើសប្បុរសធម៌របស់អ្នកលក់នំប័ុងដាក់សាច់ ដែលបានជួយផ្តល់នំប័ុងដល់ក្មេងៗក្រខ្សត់ ឲ្យតែពេលណាក្មេង២រូបនោះមករក។

ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ «សម្រាប់អ្នកសៀមរាបប្រហែលជាស្គាល់ប្អូនប្រុសមួយរូបដែលរុញរទេះលក់នំបុ័ងនៅជិតផ្សារ Angkor Trade មែនទេ? ព្រឹកមិញនេះខ្ញុំបានអង្គុយញ៉ាំនំបុ័ងនៅទីនោះ ក៏ប្រទះឃេីញក្មួយស្រីតូចៗ២រូបអាយុប្រហែល៩ទៅ១២ឆ្នាំជាអ្នកទូលផ្លែឈូកលក់ (មានក្នុងរូបនេះ)​ ខ្ញុំបានសួរទៅគាត់ថាក្មួយទិញនំបុ័ងញាំឬ? ​(ក្នុងគំនិតខ្ញុំចង់ចេញលុយជូនគាត់ព្រោះមេីលទៅគួរអោយអាណិត) ​តែគាត់ថាមិនដែលទិញទេពូម៉ាប់ (ឈ្មោះអ្នកលក់នំបុ័ង) តែងតែអោយខ្ញុំញាំដោយមិនគិតលុយរាល់ពេលដែលពួកខ្ញុំមករកទិញពីគាត់ (គាត់ថារាប់ភ្លេចដងហេីយព្រោះច្រេីនដងពេក)។ លឺហេីយពិតជារំភេីបចំពោះប្អូនដែលចេះសន្តោសប្រណីនិងចែករំឡែកចំពោះអ្នកខ្សត់ខ្យោយជាងខ្លួន ថ្វីតែប្អូនមិនមែនជាអ្នកមានទ្រព្យធនច្រេីន តែប្អូនប្រុសមានសន្តានចិត្តល្អចំពោះអ្នកក្រគួរជាទីគោរពនិងយកតម្រាប់តាម។ បងសូមទោសដែលបង្ហោះរូបប្អូនដោយពុំមានការអនុញ្ញាតិ្ត តែបងពិតជាស្ញប់ស្ញែងចំពោះរូបប្អូនខ្លាំងណាស់។ សូមអំពេីល្អដែលប្អូនបានធ្វេីនាំប្អូនទៅកាន់ភាពសុខសាន្តដែលអ្នកមានខ្លះមិនអាចធ្វេីបាន! ខ្ញុំរៀនបានពីរចំណុចធំៗពីគាត់៖ ១.ធ្វេីល្អមិនចាំបាច់បង្ហោះ facebook ២.ការធ្វេីទានមិនចាំបាច់ទាល់តែអ្នកមានទ្រព្យច្រេីនទេ»៕

ប្រភព៖ Khmernote TV