Airpods 2 បង្ហាញខ្លួនជាផ្លូវការជាមួយរូបរាងដដែល ប៉ុន្តែថ្មកាន់ជាងមុន ថែមទាំងអាចសាកថ្ម wireless បាន

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការប្រកាសជាផ្លូវការនូវកាសឥតខ្សែ Airpods 2 របស់ខ្លួន ជាមួយនឹងរូបរាងដូចជំនាន់ចាស់ដែរ ដោយមិនមានការផ្លាស់ប្តូរអ្វីឡើយ ប៉ុន្តែប្រើប្រាស់បន្ទះឈីបថ្មី មានកម្លាំងថ្មយូរជាងមុន និងអាចធ្វើការបញ្ជាដោយសំលេងបាន ដោយមិនបានប៉ះកាស។ Airpods 2 លើកនេះបានបំពាក់មកនូវប្រអប់ ដែលអាចធ្វើការសាកថ្មជាមួយនឹងឆ្នាំងសាកឥតខ្សែ Qi Charging ដូច្នេះវាប្រើជាមួយឆ្នាំងសាកឥតខ្សែដទៃបានទាំងអស់។

Apple បានឲ្យដឹងថា បន្ទះឈីប H1 ថ្មីនៅក្នុង Airpods 2 ដំណើរល្អជាងបន្ទះឈីប W1 ដែលប្រើលើ Airpods ជំនាន់មុន ដោយបន្ទះឈីបថ្មីនេះអាចបន្ថែមអាយុកាលបានរហូតដល់ ៥០% លើសមុន (សម្រាប់ការនិយាយទូរស័ព្ទ) មិនត្រឹមតែប៉ុណ្ណោះ ការស្រូតសំលេងក៏លឺច្បាស់ល្អ ការ connect ជាមួយឧបករណ៍ផ្សេងទៀតគឺលឿងជាងមុនដល់ទៅ២ដង។

Airpods 2 ដាក់លក់មាន២ជម្រើសគឺ សម្រាប់ប្រអប់សាកថ្មដោតខ្សែធម្មតាមានតម្លៃ $159 ចំណែកប្រអប់សាកថ្មឥតខ្សែមានតម្លៃ $199 ហើយក្រុមហ៊ុនក៏មានលក់តែប្រអប់ទទេ (មិនមានកាស) ដែលអាចសាកថ្មឥតខ្សែបានក្នុងតម្លៃ $79 ផងដែរ ដែលប្រអប់នេះអាចឲ្យអ្នកប្រើ Airpods ស៊េរីចាស់ ធ្វើការសាកកាសរបស់ខ្លួន ដោយមិនចាំបាច់ប្រើខ្សែបានផងដែរ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ Khmer Note