លែងឲ្យមានទៀតហើយ ការដាក់លក់ក្រឡានតាមចិញ្ចើមផ្លូវ

អាជ្ញាធរស្រុកប្រាសាទបាគង សម្រេចបញ្ឈប់ការដាក់លក់ក្រឡាននៅតាមចិញ្ចើមផ្លូវជាតិលេខ៦ ដើម្បីការពារគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុ

លោក សយ សីហា មេឃុំត្រពាំងធំ ក្នុងស្រុកប្រាសាទបាគង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ថា អាជ្ញាធរស្រុកប្រាសាទបាគង បានសម្រេចឲ្យបងប្អូនប្រជាពលរដ្ឋជាអ្នកលក់ក្រឡាន ដែលមកពីឃុំខ្ចាស់ ក្នុងស្រុកសូទ្រនិគម បញ្ឈប់ការតាំងលក់ក្រឡានរបស់ពួកគាត់ នៅតាមចិញ្ចើមផ្លូវជាតិលេខ៦ ក្នុងទឹកដីឃុំត្រពាំងធំ ជាបន្តទៀត ដោយហេតុថា ការតាំងលក់នេះវាងាយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។

លោក សយ សីហា មានប្រសាសន៍ទៀតថា កន្លងមក ប្រជាពលរដ្ឋមកពីភូមិខ្ចាស់ បានដាក់លក់ក្រឡានរបស់ពួកគាត់ជាប់នឹងចិញ្ចើមផ្លូវ ហើយនៅពេលដែលមានអ្នកទិញគាត់បានចតយានយន្តនៅលើដងផ្លូវ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ទៅមក និង បានបង្កជាគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ រហូតមានអ្នកខ្លះបាត់បង់ជីវិតក៏មាន ។

ជាមួយនឹងវិធានការរបស់អាជ្ញាធរស្រុកប្រាសាទបាគងនេះ ប្រជាពលរដ្ឋជាអ្នកលក់ក្រឡាន បានឲ្យដឹងថា ពួកគាត់មិនបានជំទាស់តវ៉ាជាមួយអាជ្ញាធរក្នុងការរៀបចំសណ្តាប់ធ្នាប់នេះទេ ហើយពួកគាត់ក៏បានស្ម័គ្រចិត្តរុះរើតាមចំណាត់ការរបស់អាជ្ញាធរ ។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ ប្រជាពលរដ្ឋក្នុងឃុំខ្ចាស់ ស្រុកសូទ្រនិគម ដែលមានមុខរបរលក់ក្រឡាន ក៏ធ្លាប់បានស្នើទៅអាជ្ញាធរស្រុក ដើម្បីជួយរៀបចំធ្វើជាផ្សារលក់ក្រឡានមួយ ដោយហេតុថា ពួកគាត់ក៏ព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនដែរ ខណៈលោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរស្រុក មានការព្រួយបារម្ភណាស់ចំពោះសុខសុវត្ថិភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប៉ុន្តែការបង្កើតផ្សារក្រឡាននេះ មានបញ្ហាប្រឈមច្រើន ដូចជាការស្វែងរកទីតាំង និងការស្រុះស្រួលរវាងអាជីវករដូចគ្នាជាដើម ៕ ប្រភព៖ Khmer Note