ផ្អើលពេញភោជនីយដ្ឋាន ដោយសារអ្នកគ្រប់គ្រងច្រឡំដៃចាក់វីដេអូអាសអាភាសនៅក្នុងហាង

ចិន៖ ភោជនីយដ្ឋានដ៏ធំមួយបានច្រលំចាក់វីដេអូអាសអាភាសនៅលើអេក្រក់ផ្សាយពាណិជ្ជក​ម្មរបស់ខ្លួន និងបានបង្កឲ្យមានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ជាពិសេសចំពោះអតិថិជនដែលជាមនុស្សស្រី។ ហេតុការណ៍នេះបានកើតឡើងក្នុងភោជនីយដ្ឋាន Haidilao ស្ថិតនៅក្នុងក្រុង​ Wuhan ខេត្ត Hubei ប្រទេសចិន ហើយភោជនីយដ្ឋានមួយនេះគឺជាភោជនីយដ្ឋានលក់អាហារចិនដ៏ធំ និងល្បីឈ្មោះក្នុងប្រទេសចិនតាំងពីឆ្នាំ ១៩៩៤ មកម្លះ។ បច្ចុប្បន្ន ភោជនីយដ្ឋាន Haidilao មានសាខាជាច្រើនកន្លែងនៅក្នុងប្រទេសចិន សឹង្ហបុរី ជប៉ុន អាមេរិក និងកូរ៉េខាងត្បូងផងដែរ។

កាលពីឆ្នាំមុនតម្លៃហ៊ុនរបស់ក្រុមហ៊ុនគ្រប់គ្រងភោជនីយដ្ឋានមួយនេះបានឡើងជិតដល់ ១ ពាន់លានឯណោះ។ ភោជនីយដ្ឋានតែងចាក់ផ្សាយវីដេអូផ្សាយពាណិជ្ជកម្មរបស់ខ្លួននៅក្នុងអេក្រង់ដ៏ធំមួយនៅមុខហាងជាប្រចាំ តែក្នុងថ្ងៃកើតហេតុនោះ អ្នកគ្រប់គ្រងផ្នែកបច្ចេកទេសបែរច្រលំចាក់រឿងអាសអាភាសទៅវិញ។ យ៉ាងណាក្តី បញ្ហានេះមួយនេះមិនបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ភៅជនីយដ្ឋាននោះទេ គ្រាន់តែវាបានបង្កឲ្យមានការភ្ញាក់ផ្អើល ហើយសម្រាប់អ្នកខ្លះគិតថា វាជារឿងអស់សំណើចទៅវិញ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Khmer Note