September 22, 2019

ក្លឹប Wisła Kraków ដែលពាណិជ្ជករខ្មែរ-បារាំង លី វណ្ណា បានទិញកាលពីចុងឆ្នាំ 2018 នោះ ឥលូវនេះត្រូវបានរំសាយចោលកិច្ចព្រមព្រៀងហើយ

យោងតាមការចុះផ្សាយរបស់សារពត៌មាន Polandin កាលពីម្សិលមិញនេះបានឲ្យដឹងថា៖ ក្លឹប Wisła Kraków បានលុបចោលកិច្ចព្រមព្រៀងទិញក្លឹបរបស់ពាណិជ្ជករខ្មែរ-បារាំងលោក លី វណ្ណា និង​លោក Mats Hartling ចោលដោយសារតែក្រុមហ៊ុនរបស់ពាណិជ្ជករខ្មែរ-បារាំងរូបនេះបានរំលោភលើចំនុចសំខាន់ៗ។

ការសម្រេចចិត្តក្នុងការលុបចោលកិច្ចព្រមព្រៀងទិញក្លឹប Wisła Kraków របស់ពាណិជ្ជករខ្មែរ-បារាំងលោក លី វណ្ណា និង​លោក Mats Hartling ដែលជាម្ចាស់ក្រុមហ៊ុន Alelega Luxembourg Sar នេះគឺដោយសារតែក្រុមហ៊ុនរបស់លោក លី វណ្ណា មិនបានបង់ប្រាក់តាមពេលកំណត់របស់សមាគមន៍កីឡា Wisla។ ការប្រកាសលុបចោលកិច្ចព្រមព្រៀងរបស់ក្លឹប Wisła Kraków គឺបានធ្វើឡើងតាំងពីថ្ងៃទី 2 ខែមករា ដោយយោងតាមហេតុផលមួយចំនួនដែលគិតថាក្រុមហ៊ុន Alelega Luxembourg Sar បានរំលោភបំពានលើចំណុចៗសំខាន់ក្នុងកុងត្រាទិញក្លឹបរបស់លីគកំពូលប៉ូឡូញនោះ។

ក្រោយការរំសាយចោលកិច្ចសន្យាទិញក្លឹបរបស់លោក លី វណ្ណា និងលោក Mats Hartling រួចមក ក្លឹប Wisła Kraków ដែលមានសមាគមន៍កីឡា Wisla ជាអ្នកគ្រប់គ្រងនោះបានប្រកាសថាខ្លួនគឺជាម្ចាស់ភាគហ៊ុនពេញសិទ្ធវិញ។ មូលហេតុដែលសមាគមន៍កីឡា Wisla សម្រេចចិត្តលក់ក្លឹបដែលបង្កើតនៅក្នុងឆ្នាំ 1906 ហើយកំពុងប្រកបអាជីពនៅក្នុងលីគកំពូល Ekstraklasa នោះដោយសារតែក្លឹបចំណាស់របស់ប៉ូឡូញមួយនេះមានបញ្ហាបំនុលដែលត្រូវការដោះស្រាយជាបន្ទាន់៕​

បុត្រ

ប្រភព៖​​ Khmer Note