យានអវកាសរបស់ចិនបានទៅដល់អឌ្ឍគោលម្ខាងទៀតនៃភពព្រះច័ន្ទ ដែលពុំមានមនុស្សជាតិណាធ្លាប់ទៅដល់សោះ

អវកាសចិនបានចុះចតនៅលើអឌ្ឍគោលនៃភពព្រះច័ន្ទ (far side of the moon) ដែលវាជាផ្នែកមួយ ដែលផែនដីមិនអាចមើលឃើញ។ នេះគឺជាលើកទីមួយ ដែលមនុស្សជាតិបានទៅដល់ទីនោះ ហើយវាក៏ជោគជ័យជាប្រវត្តិសាស្ត្រមួយសម្រាប់ចិន។ សារព័ត៏មាន People’s Daily បានរាយការណ៍ថា ផ្កាយរណបអង្កេត Chang’e-4 (ដែលជាឈ្មោះព្រះច័ន្ទជាម្ចាស់នៃទេវកថាចិន) បានចុះចតនៅវេលាម៉ោង ១០ និង ២៦នាទី ព្រឹកម៉ោងនៅក្រុងប៉េកាំង ក្នុងថ្ងៃព្រហស្បតិ៍នេះ ហើយផ្កាយរណបនេះក៏បានបញ្ជូនរូបភាពមួយបញ្ជាក់ថា វាបានមកដល់អឌ្ឍគោលនៃភពព្រះច័ន្ទនេះ។

បេសកកម្មមកកាន់ភពព្រះច័ន្ទនេះបានចាប់ផ្តើមកាលពីប៉ុន្មានឆ្នាំកន្លង ដែលវាគឺជាផ្នែកមួយនៃផែនការរបស់ចិនដើម្បីក្លាយជាប្រទេសមួយក្នុងចំណោមមហាអំណាចខាងអវកាសកំពូលទាំងបីនៅលើពិភពលោកនៅ ឆ្នាំ២០៣០។ ថវិកាជាតិសម្រាប់ការសិក្សាអវកាសរបស់ប្រទេសចិនមានប្រហែល ៨ពាន់លានដុល្លារក្នុងមួយឆ្នាំ ពោលគឺមានដេញតាមពីក្រោយសហរដ្ឋអាមេរិក។ យ៉ាងណាមិញការចុះចតលើភពព្រះច័ន្ទ កើតមានឡើងស្របពេលដែលភាពតានតឹងរវាងមហាអំណាចទាំងពីរបានកើនដល់កម្រិតកំពូល ដែលរួមមានការប្រកួតប្រជែងខាងសេដ្ឋកិច្ច បច្ចេកវិជ្ជា និងយោធារបស់ពួកគេកាន់តែស៊ីជម្រៅ ចំពេលប្រទេសចិនកំពុងស្វែងរកភាពលេចធ្លោរបស់ខ្លួន៕

ការចុះចតលើតំបន់ដែលមិនទាន់មានមនុស្សជាតិណាម្នាក់ធ្លាប់បានរុករកពីមុនមកនេះ នឹងជួយឱ្យ Chang’e-4 សិក្សាអំពីភពព្រះច័ន្ទប្រសើរជាងមុន ដោយសារតែមិនសូវមានការរំខានអេឡិចត្រូម៉ាញ៉េទិចពីផែនដី។ យោងតាមភ្នាក់ងារព័ត៌មានស៊ីនហួផ្លូវការរបស់ចិនបានឱ្យដឹងថា Chang’e-4 ត្រូវបានបំពាក់ដោយប្រដាប់វាស់វិទ្យុប្រេកង់ទាប ដើម្បីជួយអ្នកវិទ្យាសាស្ត្រឱ្យយល់ពីរបៀបដែលផ្កាយដំបូងបំផុតត្រូវបានកកើតឡើង និងរបៀបដែលចក្រវាឡរបស់យើងបានផុសចេញពីភាពងងឹតបន្ទាប់ពីមានព្រឹត្តិការណ៍ដែលគេហៅថា Big Bang (Big Bang ត្រូវបានគេជឿថា គឺជាព្រឹត្តិការណ៍ដែលធ្វើឱ្យកកើតមានចក្រវាឡទាំងមូល)។ ម្យ៉ាងទៀតអ្នកវិទ្យាសាស្ដ្រនឹងធ្វើតេស្តថា តើរុក្ខជាតិអាចដុះលូតលាស់បានដែរ ឬយ៉ាងណានៅលើភពព្រះច័ន្ទនេះ៕ ប្រភព៖ Khmer Note