ប្រធានសមាគមសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា ចុះសួរសុខទុក្ខតាចេកដែលសង្គ្រោះបន្ទាន់ មិនភ្លេចពាំនាំយកអំណោយទៅជួយ

មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីតារាកំប្លែងតាចេក ធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត្រ ក៏ព្រោះតែមានជម្ងឺត្បៀតសរសៃឈាមខួរក្បាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈក្រុមគ្រួសារកំពុងលើកដៃសុំជំនួយពីសប្បុរសជន ត្បិតខ្វះខាតខ្លាំង។ យ៉ាងណាមិញ ភ្លាមៗ នោះផងដែរ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ បានចុះទៅធ្វើការសួរសុខទុក្ខលោកភ្លាម ដោយក្នុងនោះថែមទាំងបានពាំនាំយកនូវអំណោយមកជួយផងដែរ។

ជាក់ស្ដែង​ យោងតាមការរៀបរាប់របស់អ្នកនាង ចន​ ច័ន្ទលក្ខិណា បានឲ្យដឹងថា៖ «សមាគមសិល្បករខ្មែរបានទៅសួរសុខលោកពូចេក ដែលជាតារាកំប្លែង កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងបាននាំយកថវិការពីមូលនិធិសិល្បករចាស់ជរាមកជូនគាត់ផងដែរ។ សូមជូនពរអោយពូឆាប់ជាពីជំងឺ»។ គួរបញ្ជាក់ផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលតាមបណ្តាស្ថានីយ៍ទូរទស្សន៍មួយចំនួន លែងមានកម្មវិធីកំប្លែង តាចេកក៏បានបង្កើតមុខរបរមួយនៅ ម្តុំរង្វល់មូលដីក្រហមផ្លូវបំបែកទៅខេត្តតាកែវ គឺលក់ដូង ទឹកភេសជ្ជៈគ្រប់មុខ។ ប៉ុន្តែមុខរបរហាក់គ្មានការរីកចម្រេីនអ្វីឡេីយ គឺឃេីញតែ តារាកំប្លែងតាចេក បង្ហោះថាលក់មិនដាច់ទេខ្សត់អ្នកទិញ ជាហេតុធ្វើឲ្យជីវភាពតារាកំប្លែងជើងចាស់រូបនេះកាន់តែដុនដាបខ្លាំង៕

ប្រភព៖ Khmer Note