December 10, 2019

ល្បិចបោកប្រាស់ថ្មី! ថតទាំងរូបឡានក្រុង ទាំងវិក័យប័ត្រផ្ញើទំនិញ តែពេលទទួលបានលុយស្រាប់តែបុគ្គលិកក្រុមហ៊ុនប្រាប់ថា….

ថ្មីៗ នេះ មានជនខិលខូចជាច្រើន ដែលតែងតែប្រើល្បិចផ្សេងៗ ដើម្បីបោកប្រាស់ជនស្លូតត្រង់ ជាពិសេសគឺខណៈពេលដែលបច្ចេកវិទ្យាក្នុងបណ្ដាញសង្គមកាន់តែកើនឡើងទៀតនោះ ជាក់ស្ដែងគឺការឆបោកតាមរយៈការលក់ទំនិញអនឡាញហ្នឹងតែម្ដង​។ តួយ៉ាងដូចករណីមួយ ដែលតារាសម្ដែង លោក​រ៉ាស៊ី បានចែករំលែកកាលពីម្សិលមិញនេះ ដែលទាក់ទងនឹងអ្នកលក់ឆបោកទទួលបានលុយ តែបែរជាមិនព្រមផ្ញើរទំនិញឲ្យទៅវិញ។

ដោយយោងតាមសាររបស់លោកបានបង្ហោះរៀបរាប់ឲ្យដឹងថា៖ «ល្បិចបោកប្រាស់! ថ្មីទៀតហើយបងប្អូន មានបងប្រុសម្នាក់បានទិញ IPhone X 128GB ថ្មីចែសក្នុងប្រអប់ តម្លៃ៨០០$ ពី បុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ស្គាល់តែលេខទូរស័ព្ទ និង ហ្វេសប៊ុក។ តម្លៃនេះទាបជាងទីផ្សារ ៤០០$ ដោយអ្នកលក់អះអាងថា ជាទូរស័ព្ទដែលខ្លួនត្រូវរង្វាន់ ហើយមិនចង់ប្រើប្រាស់។ ឃើញតម្លៃធូរថ្លៃបែបនេះ ខ្លួនក៏ទិញយក តែត្រូវយកទូរស័ព្ទនេះ ទៅដាក់ផ្ញើរអោយខ្លួនតាមរយៈ ក្រុមហ៊ុនឡានក្រុងដែលខ្លួន តែងតែផ្ញើរឥវ៉ាន់ ទើបខ្លួន អោយលេខកូដ បើកលុយតាមវីង៨០០$។ ស្រាប់តែជនអ្នកលក់ទូរស័ព្ទ យកទៅផ្ញើរពិតមែន ហើយថែមទាំងថតផ្ញើរអ្នកទិញថែមទៀត ទាំងវិក័យប័ត្រផ្ញើ និង អោយអ្នកទិញ និយាយទូរស័ព្ទ និយាយជាមួយ បុគ្គលិកក្រុមហ៊ុនឡានក្រុងផ្ញើរឥវ៉ាន់ទៀតផង។ ដោយដឹងថាឥវ៉ាន់បានផ្ញើររួចហើយ ខ្លួនអ្នកទិញ ក៏សំរេចចិត្ត ប្រគល់លេខកូដវីងវេរលុយ៨០០$ អោយអ្នកលក់។ បីថ្ងៃបន្ទាប់មកចេះតែចាំយកទូរស័ព្ទបាត់ដំណឹងសូន្យឆឹង ហើយតេ ទៅអ្នកលក់ទូរស័ព្ទក៏មិន លើកទៀត។ ទើបដាច់ចិត្តទៅសួរ ក្រុមហ៊ុនឡានក្រុងផ្ញើរឥវ៉ាន់ ទើបដឹងថា៖ អ្នកផ្ញើរ បានដកយកឥវ៉ាន់វិញ ភ្លាមៗ តាំងពីថ្ងៃដែលផ្ញើរម្ល៉េះដោយអះអាងថា៖ អ្នកទិញមិនផ្ញើរលុយអោយខ្លួន! នេះជាល្បិចថ្មីមួយទៀតសូមជួយShare កុំអោយមានអ្នកចាញ់បោកគេទៀត!»៕

ប្រភព៖ Khmer Note