May 30, 2020

ព្រាប សុវត្ថិ ចាប់ផ្តើមមុខជំនួញអចលនទ្រព្យ ស្រាប់តែត្រូវគេចង់កេងចំណេញ

ដើម្បីទទួលបាននូវចំណូលពីការងារសិល្បៈ គេសង្កេតឃើញមានតារាៗបានប្រឡូកក្នុងវិស័យមុខជំនួញរកស៊ីអចលនទ្រព្យគឺជំនួញ​ពុះដីឡូ​លក់​កំពុង​ពេញ​និយម​បន្ថែមពីលើការងារសិល្បៈ។ ជាក់ស្តែងណាស់កាលពីពេលថ្មីៗនេះ តារាចម្រៀងល្បីឈ្មោះប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ព្រាប សុវត្ថិ និងឧកញ៉ាលោក ឡេង ណាវ៉ាតត្រា បានចូលហ៊ុនរួមគ្នារហូតដល់ ៥ លានដុល្លារ បើកជំនួញអចនទ្រព្យលើដីឡូតិ៍។​ ខណៈដែលកំពុងតែចាប់ផ្តើមនូវមុខជំនួញ តារាចម្រៀងលោក ព្រាប សុវត្ថិ បានជួបនូវបញ្ហាមួយចំនួនដោយមានជនខិលខូចបានយករូបថតរបស់លោកទៅចុះផ្សព្វផ្សាយដោយពុំមានការអនុញាត្តិ ទាំងដែលមិនមែនជាគម្រោងរបស់លោក។ តារាចម្រៀងលោក ព្រាប សុវត្ថិ បានបង្ហោះសារទុកជាការរំលឹកដល់មហាជន ដោយបានរៀបរាប់ថា៖

“ជំរាបសួរអ៊ុំប្រុសអ៊ុំស្រីពូមីង និងបងប្អូនយុវវ័យទាំងអស់ ខ្ញុំបាទ ព្រាប សុវត្ថិ សូមថ្លែងអំណរ អរគុណយ៉ាងជ្រៀលជ្រៅ ដែលបានគាំទ្រនិងស្រលាញ់ខ្ញុំបាទកន្លងមកនៅក្នុងវិស័យសិល្បៈ ដោយនាពេលថ្មីៗនេះខ្ញុំបាទបានបង្កើតវិស័យអចលនទ្រព្យ ដើម្បីជាតម្រូវការនៃការស្រលាញ់ និងមានទំនុកទុកចិត្ត។ សូមជំរាបថា គម្រោងខ្ញុំបាទមុនៗ បានលក់ដាច់អស់ហើយ​ ។ ដើម្បីឲ្យកាន់តែមានភាពជឿជាក់ និងទទួលបានព័ត៍មានកាន់តែច្បាស់លាស់ ហើយមិនយល់ច្រទ្បំនោះ ​ព្រោះថាមានបណ្តាញសង្គម (Pages) មួយចំនួននៅក្នុង Facebook និងបណ្តាព័ត៍មានមួយចំនួន ដែលបានយករូបថតនិងសកម្មភាពរបស់ខ្ញុំបាទ ទៅចុះផ្សព្វផ្សាយដោយពុំមានការអនុញាត្តិ! ដែលមិនមែនជាគម្រោងរបស់ខ្ញុំ ។ (សូមប្រុងប្រយ័ត្ន)
សូមបញ្ជាក់ម្តងទៀតថាៈ Page ដែល Post លក់បោកបញ្ឆោតតាមរយៈយករូបភាពនានា! ក្រុមការងាររបស់ខ្ញុំកំពុងស្រាវជ្រាវនឹងរៀបចំឯកសារតាមនិតិវិធីច្បាប់។ ថ្មីៗនេះ ខ្ញុំបាទកំពុងរៀបចំគម្រោងល្អៗ ពិសេសនោះគឺ ​គម្រោង (ព្រាប ​សុវត្ថិ និងទ្បេង ណាវ៉ាត្រា) ដែលជាទីតាំង ដ៏ល្អសម្រាប់ការជ្រើសរើសរបស់អតិថិជនរបស់យើងដែលប្រកបទៅដោយភាពជឿជាក់ ។ (ប្រសិនបើគ្មានទីតាំងណាល្អ ដាច់ខាតខ្ញុំមិនជ្រើសរើសសម្រាប់អតិថិជនខ្ញុំឡើយ)”៕

ប្រភព៖ Khmer Note