ថៃនឹងអភិវឌ្ឍន៍តំបន់រូងភ្នំ Tham Luang ឲ្យក្លាយទៅជាសារៈមន្ទីរទេសចរណ៍

ថៃ៖ បន្ទាប់ពីក្រុមក្មេងៗកីឡាកបាល់ទាត់ថៃទាំង១២នាក់ រួមជាមួយនឹងគ្រូបង្វឹកម្នាក់ ត្រូវបានគេជួយសង្គ្រោះចេញពីរូងភ្នំ Tham Luang ប្រទេសថៃដោយសុវត្ថិភាពរួចហើយនោះ ពេលនេះតំបន់រូងភ្នំមួយនេះកំពុងតែស្ថិតក្នុងការចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ជាច្រើននាក់នៅជុំវិញពិភពលោក។ ដោយភាពល្បីល្បាញរបស់រូងភ្នំនេះទើបធ្វើឲ្យរដ្ឋាភិបាលថៃបានសម្រេចជាផ្លូវការថា នឹងអភិវឌ្ឍន៍តំបន់នេះឲ្យក្លាយទៅជាតំបន់ទេសចរណ៍តែម្តង។

បើតាមគម្រោងរបស់គេអាជ្ញាធរថៃ គេនឹងរៀបចំរូងភ្នំនេះឲ្យក្លាយទៅជាសារៈមន្ទីរ សម្រាប់បង្ហាញពីប្រតិបត្តិការណ៍ជួយសង្គ្រោះក្មេងដ៏អស្ចារ្យ ដែលមនុស្សគ្រប់គ្នានឹកស្មានមិនដល់។ សារៈមន្ទីរនេះនឹងមានការសម្តែងដោយផ្ទាល់ដោយពីក្រុមអ្នកជំនាញអំពីប្រតិបត្តិការណ៍ជួយសង្គ្រោះក្មេងៗ និងសម្តែងនូវសកម្មភាពលំបាកផ្សេងៗ ដែលបានកើតឡើងជាក់ស្តែងនៅក្នុងរូងភ្នំនោះ។ យ៉ាងណាក្តី មកទល់នឹងពេលលោកនាយរដ្ឋមន្ត្រីថៃ Prayuth Chan-ocha បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន គេកំពុងសិក្សាអំពីប្រព័ន្ធសុវត្ថិភាពទាំងនៅខាងក្នុង និងនៅខាងក្រៅរូងភ្នំឲ្យបានច្បាស់លាស់សិន ដើម្បីធានាសុវត្ថិភាព ១០០ % របស់ភ្ញៀវទេសចរណ៍៕

អត្ថបទ៖ ភក្តី

ប្រភព៖ Khmer Note